សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការអានបានផ្តល់ប្រយោជន៍ដ៏ធំធេង នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅមានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។
សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម ” វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥។
ដើម្បីលើកកម្ពស់អំណានឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដល់សិស្សានុសិស្ស និស្សិត និងយុវជន សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្ត៖ អ្នកនិពន្ធទាំងឡាយ សូមបន្ត និងបង្កើនការនិពន្ធ ការបោះពុម្ពស្នាដៃបន្ថែមទៀតឱ្យកាន់តែសម្បូរបែប ជាពិសេសការនិពន្ធជាភាសាខ្មែរ, ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមបន្តរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល សម្រាប់សម្រួលដល់ការរកឯកសារ សៀវភៅសម្រាប់ការអាន, ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រីកការអនុវត្តឧត្តមានុវត្តន៍នៃកម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ។ល។ , គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់សូមបន្ត និងខិតខំឱ្យអស់លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណាន ដើម្បីឱ្យសិស្សានុសិស្ស និស្សិត សាមណសិស្ស សាមណនិស្សិត និងយុវជនគ្រប់រូបអាចទទួលបាន និងស្វែងរកឯកសារ និងសៀវភៅសម្រាប់ការអានបន្ថែម។
សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់ជាសិស្ស និស្សិត និងយុវជនទាំងអស់ត្រូវខិតខំ និងចំណាយពេលឱ្យបាន កាន់តែច្រើន ដើម្បីអានឯកសារ និងសៀវភៅ ទោះជាការអានម្នាក់ឯង ឬការអាន ជាក្រុមក្តី។ បន្ថែមពីនេះ ជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល សូមជួយជំរុញ និងបង្ក លក្ខណៈកាន់តែច្រើនថែមទៀត ជាពិសេសការលៃលកចំណាយនៅក្នុងគ្រួសារ សម្រាប់ការទិញសម្ភារសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដទៃដល់ កូនៗជាទីស្រឡាញ់ ដែលចាត់ទុកជាការវិនិយោគ មួយដ៏សំខាន់សម្រាប់បង្កើន ចំណេះដឹង និងដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគេ៕
