ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន ថតយកប្រតិកម្មរបស់កសិករ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម MMO ដែលផ្សព្វផ្សាយខុសពីការពិត។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមីនានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤៥០០៛-៥០០០៛/គីឡូក្រាម ដែលជាថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀល/ហិកតា អាស្រ័យលើទិន្នផលទាបឬខ្ពស់។
ឯកឧត្តមបានបន្តថា៖ «សូមផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់បងប្អូនកសិករយើង។ ការចង់បានLikes និងShares តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករយើងដោយផ្ទាល់ផងនិងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគាត់ក្នុងការចរចាថ្លៃជាមួយអ្នកទិញ»៕


