រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស ចំនួន២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខែ្សរត់ពិសេសនេះ នឹងដំណើរការចាប់ពីថ្ងៃទី៥ ខែឧសភានេះ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនតម្រូវឲ្យអ្នកជិះបង់ប្រាក់នោះឡើយ។
ខ្សែរត់ពិសេស ចំនួន២ខ្សែនេះ រួមមាន៖ ទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្សែរត់នេះនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្តដំណើរលើតីរវិថីព្រះស៊ីសុវត្ថិ ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតនៃកីឡដ្ឋានកងយោធពលខមរភូមិន្ទ(ស្តាតចាស់) ។
បន្ទាប់ខ្សែរត់ទី១នេះ នឹងរត់ឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំងប្រកួតមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធីហើយធ្វើដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពំហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយឡែកសម្រាប់ខ្សែទី២៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្សែទី២នឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា ឈប់នៅស្ថានីយចំណតរង់ចាំរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
បន្ទាប់មកខ្សែរត់ទី២នេះ នឹងបន្តដំណើរមកវិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ សីហា