សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានឆ្លៀតចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីពិនិត្យជាក់ស្តែងនូវសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ។

ក្នុងដំណើរពិនិត្យនោះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ផងដែរ។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបជជែកលេងជាមួយប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធាន ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដលប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ សម្តេចនាយករដ្ឋមន្ត្រីក៏បានសម្រេច÷
១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ÷
– សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ
– សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។
– សិក្សាធ្វើអោយប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
២. ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។



