ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។

សន្និសីទនាឱកាសនេះ បានប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។ ជាមួយគ្នានេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជម្រាបជូនពីគោលបំណង កម្មវិធី និងទិដ្ឋភាពនៃការគិតគូរពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ដែលមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥៕