ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ថ្លែងនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើង ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញា នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សំរាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដែរថា កីឡាករមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឲ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេស ដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។
ឯកឧត្តម បានបន្ថែមថា កីឡាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹង ពង្រីក ទំនងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជនលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក កាន់តែប្រសើរឡើង និងកសាងនូវបរិយាកាសអំណោយផលដល់មិត្តភាព សន្តិភាព និងសហប្រតិបត្តិការល្អ ។
គួរបញ្ជាក់ថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្រ រួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកីឡាករថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ កាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ៕


