ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ទុកសន្តិភាពមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន និងជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន

សន្តិភាពមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ ហើយដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ នេះជាការលើក​ឡើងរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ប្រធានគណបក្សស្រុក រួចមកឯកឧត្តមបានបន្តថា «សន្តិភាពនៅកម្ពុជា រកបានមកដោយលំបាក សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជនជាថ្នាក់ដឹកនាំ នៅក្នុងជួរកងយោធពលខេមរភូមិន្ទជាច្រើនទៀត បានធ្វើពលកម្មប្តូរជីវិតចូលទៅតំបន់ខ្មែរក្រហម ដើម្បីស្វែងរកការចចារ ផ្សះផ្សារ បង្រួបបង្រួម ស្វែងរកសន្តិភាពតាមនយោបាយឈ្នះ ឈ្នះ ហើយឥឡូវនេះសន្តិភាពបានកើតមានពេញលេញទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋធ្វើដំណើរទៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច រួមនិងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះអ្នកណាក៏ដោយ ដែលមានចេតនា ចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គមគឺមិនអនុញ្ញាតិដាច់ខាត»

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងពីសភាពការណ៍ក្រៅប្រទេស ដែលកំពុងខ្វះសន្តិភាព រួមមាន៖ ជម្លោះរវាងរុស្សី និងអ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស  បានធ្វើឱ្យមនុស្សស្លាប់ របួសច្រើនរាប់មិនអស់ ជាពិសេស កុមារ ខ្វះ ស្បៀងអាហារ ថ្នាំសង្កូវ គ្មានទីជំរក បញ្ហានៅស៊េរី រួមនិងវិបត្តិសមុទ្រចិនខាងត្បូងកោះតៃវ៉ាន់ ដែលកំពុងផុយស្រួយ និងជម្លោះបងប្អូនកូរ៉េទាំង២ ដែលកំពុងមានការឡើងកម្ដៅ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុនសែន ជាប្រធាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញជាពិសេសការកែទម្រង់រាជរដ្ឋាភិបាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ដោយផ្តោតយកកត្តាធនធានមនុស្សជាអាទិភាពជាគន្លឹះក្នុងការអភិវឌ្ឍន៍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចបវរធិបតី ហ៊ុន ម៉ា ណែត បាននិងកំពុងបន្តសកម្មភាពក្នុងការកសាងបណ្តុះគំនិត ស្មារតីស្រឡាញ់សន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ឯកឧត្តមបានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជនទាំងអស់ ឲ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។

ក្នុងស្មារតីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់មន្ត្រីគណបក្ស និងប្រជាពលរដ្ឋគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សា សន្តិភាព និងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ពង្រឹងការឯកភាពជាតិ ជៀសវាងរាល់អំពើ ទាំងឡាយណា ដែលនាំឲ្យខ្មែរបែកបាក់ ដោយគោរពនូវវប្បធម៌អហឹង្សា និងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានថវិកាចំនួន ៤លានរៀល និងវិទ្យុទាក់ទង ចំនួន ១០គ្រឿង, ឧបត្ថម្ភដល់នគរបាលស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង, កងរាជអាវុធហត្ថស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង និងបានឧបត្ថម្ភ ផ្នែកសឹករងស្រុក  ថវិកា ១លានរៀល និងវិទ្យុទាក់ទង ចំនួន ១០គ្រឿងផងដែរ ៕