សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាឥស្សរជនស្រ្តីឆ្នើមខ្មែរដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ តែងបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្រ្តីខ្មែរ រួមទាំងស្រ្តីដែលកំពុងបំពេញការងារជាមន្រ្តីអនុរក្សពន្ធនាគារ និងស្រ្តីអ្នកជាប់ឃុំ។ ជាក់ស្ដែង អនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ហួន ចន្ទបូរ៉ា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះសួរសុខទុក្ខជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងមានកូនតូចតាមម្តាយ នៅមណ្ឌលអប់កែប្រែទី២ និងពន្ធនាគារខេត្តកណ្តាល។
នាឱកាសនោះ លោកជំទាវតំណាង បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយ រួមមាន ម្នាក់ៗ មី១កេះ ត្រីខ១យួរមាន១០កំប៉ុង សាប៊ូម្សៅ១កញ្ចប់ សារុង១ ក្រមា១ មុង១ ភួយ១ ថ្នាំដុះធ្មេញ ច្រាសដុះធ្មេញ និងថវិកា៥០,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាជូន មណ្ឌលអប់រំកែប្រែទី២ចំនួន៥០០,០០០រៀល និងពន្ធនាគារខេត្តកណ្តាលចំនួន៥០០,០០០រៀល។
ទន្ទឹមគ្នានេះ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែ សួនសុភី ស សុខា លោកជំទាវ សុខ វណ្ណា ភរិយាឯកឧត្តមអគ្គនាយកអគ្គនាយកពន្ធនាគារ បានរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវានារីអន្តរជាតិ ៨មីនា ២០២៥ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ក្រោមប្រធានបទ សកលស្តីពី «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយបានផ្ដល់ការលើកទឹកចិត្តដល់ស្រ្តីមន្រ្តីអនុរក្សពន្ធនាគារ។
លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ១ ញ៉ែម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា លោកជំទាវ សុខ វណ្ណា បាននាំយកនូវអំណោយចែកជូនដល់មន្រ្តីជាស្រ្តី រួមមាន អាវប៉ាក់ម្នាក់១ និងទឹកប្រាក់២០,០០០រៀល ចំនួន៨០នាក់ និងអំណោយ ស.ស.យ.ក វិស័យមហាផ្ទៃ តាមរយៈ ឯកឧត្តម នុត សវនា នូវទឹកប្រាក់៥០,០០០រៀល ចំនួន៦៧នាក់។
សូមបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងបានចាត់តាំង និងគាំទ្រ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចុះផ្ដល់ការលើកទឹកចិត្ត និងផ្ដល់អំណោយដល់ស្រ្តីអ្នកជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារជាស្រ្តី តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារជាបន្តបន្ទាប់។ ការគិតគូរដ៏ខ្ពង់ខ្ពស់នេះ គឺជាការផ្ដល់ភាពកក់ក្ដៅជូនស្រ្តីគ្រប់កាលៈទេសៈ៕