សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។
សម្តេចប្រធានរដ្ឋសភា ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវអំណរគុណនិងការដឹងគុណជូន សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានស្វែងរកសន្តិភាពជូនពលរដ្ឋ។ ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចាប់តំាងពីថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្តេចនៅជានាយករដ្ឋមន្រ្តី។ សម្តេចតេជោ តែងតែមានប្រសាសន៍ថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងថា ជួយស្រ្តីដូចជួយខ្លួនឯង»។ ចំណែករាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។ សម្តេចបវរធិបតីក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។
ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានចេញ និងពង្រឹងការអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត៕
