សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥។
ថ្លែងក្នុងពិធីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការរៀបចំគោលនយោបាយ ត្រូវផ្អែកទៅលើសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រមូលនិងវិភាគទិន្នន័យច្បាស់លាស់ និងស្របទៅតាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ មិនមែនផ្អែកលើអារម្មណ៍នោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។
សម្តេចនាយករដ្ឋមន្ត្រី ក៏សង្កត់ធ្ងន់ដែរថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕