ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ័កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការសន្យារបស់ឯកឧត្តមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបែបនេះ បានធ្វើឡើងនៅក្នុងឳកាសជួបសំណេះសំណាលផ្តល់កម្លាំងចិត្តជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៤៩រូប ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃសហព័ន្ធខ្មែរកីឡាហែលទឹក នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ។
ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។
គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនីទាំងអស់ ឯកឧត្តមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ២០០ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារអាមេរិកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ៕
អត្ថបទ៖ សីហា