ឯកឧត្តម ហ៊ុន ម៉ានិត៖ កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តម ហ៊ុន ម៉ានិត អអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានបន្តថា៖ «ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។

ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យើងបានរំដោះកម្ពុជាចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ។ វត្តអារាម ត្រូវបានរៀបចំឡើងវិញ និងបន្តអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន»។

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើឡើងក្នុងពេលចូលរួមពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណភ្នំទែតក្នុង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ឯកឧត្តមបានបន្ថែមថា ទោះបីក្រុមជ្រុលនិយមមួយចំនួនតូច តែងតែលាបពណ៌ ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ាគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម រួមសុខរួមទុក្ខជាមួយប្រជាជន និងលើកស្ទួយជីវភាពប្រជាជនឱ្យរីកចម្រើនទៅមុខ។

ជាមួយគ្នានេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តប្រាសាទមានជ័យ ស្ថិតក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបានលើកឡើងផងដែរថា ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ហើយតាមរយៈសន្តិភាព វត្តនេះក៏ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំណាស់ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម លើកស្ទួយសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ និងជំរុញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈ បានឆាប់រហ័ស ទន់ភ្លន់ តម្លាភាព និងកាន់តែខិតជិតប្រជាពលរដ្ឋ។ នេះជាការគូសបញ្ជាក់បន្ថែមពីឯកឧត្តម ហ៊ុន ម៉ានិត៕