ផ្លូវចរាចរណ៍ទេសចរ ពីអន្លង់ធំទៅកាន់ស្រះដំរី​ ចាប់ផ្តើមជួសជុល ដោយ​រក្សាសណ្ឋានផ្លូវដើម​ និងមិនឲ្យបាត់បង់គុណតម្លៃវប្បធម៌

ផ្លូវចរាចរណ៍ទេសចរ ពីសហគមន៍អន្លង់ធំទៅកាន់ស្រះដំរី​ ប្រវែងប្រមាណជាង​៦គីឡូម៉ែត្រ ចាប់ផ្តើមដាក់គ្រឿងចក្រជួសជុលហើយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយ​រក្សាសណ្ឋានផ្លូវដើម​ និងមិនឲ្យបាត់បង់គុណតម្លៃវប្បធម៌។

ការជួសជុសនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហើយកាលពីថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០២៥​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប​ និងឧត្តមសេនីយ៍ទោ​ ខេង​ សុហ្វីណេ​ មេបញ្ជាការរង​ កងវិស្វកម្មតេជោ​ ហ៊ុន​ សែន​ សៀមរាប បានចុះទៅជួបពលរដ្ឋសហគមន៍​ ក្នុងគោលបំណងសាកសួរបន្ថែម អំពីចំណាប់អារម្មណ៍​ និងការឯកភាពនានាក្នុងការរៀបចំ​។

តាមរយៈជំនួបប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម អាជ្ញាធរខេត្ត និងប្រជាសហគមន៍ បានឯកភាពគ្នា ក្នុងការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី​ ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ​ មានប្រវែងប្រមាណជាង​ ៦គីឡូម៉ែត្រ​ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ​ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ ក៏ប៉ុន្តែការជួសជុលនេះ​ គឺឈរលើការថែរក្សាសណ្ឋានផ្លូវដើម​ ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ​ ។​

ដោយឡែក ក្រោយពិភាក្សាជាមួយប្រជាពលរដ្ឋ​ លោកគ្រូអ្នកគ្រូ​ ក៏មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី​ នៅទីតាំងថ្មី​ អគារថ្មីមួយខ្នង​ពីរជាន់​ ១២បន្ទប់​ ជាជំហ៊ានទីមួយ​ ហើ​យនឹងរៀបចំក្របខណ្ឌ ស្នើសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។ បច្ចុប្បន្នគ្រឿងចក្របានដាក់ដល់ទីតាំង​សម្រាប់ត្រៀមសម្អាត​ និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណើរការបាននោះទេ​ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ​ និងបោសសម្អាតមីន​ និងគ្រាប់មិនទាន់ផ្ទុះសិន​ ដើម្បីអាចនឹងចាប់ផ្តើមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។

ព្រមជាមួយគ្នា​ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី​ ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ​មួយខ្នង​ អគារបណ្ណាល័យ​ មួយខ្នង​ និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ​ មួយខ្នង​ ដែលមាន​៣បន្ទប់គេង​ ជូនដល់សាលាបឋមសិក្សាសម្តេចឪ​សម្តេចម៉ែអន្លង់ធំ​ ហើយបានចាប់ផ្តើមដំណើរការសាងសង់ចាប់ពីថ្ងៃទី០១​ មីនា៕

អត្ថបត៖ ពុទ្ធិកា