កម្ពុជា-ចិន ប្តេជ្ញាបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុ​ពល​ទេសចរណ៍ជាមួយគ្នា

ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន កាលយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លង ។

តាមរយៈបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សរសេររៀបរាប់ថា បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត ដែលនឹងបន្តចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តថា​​ ជាក់ស្ដែង តាមរយៈពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះ គឺមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជាចិន ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា ចិន ឱ្យកាន់តែរឹងមាំថែមទៀត ចិននិងកម្ពុជា កំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន»។

ការដាក់ចេញ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» កន្លងមក ប្រទេសទាំងពីរបានអនុវត្តទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាជាពិសេសវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរប្រមាណ ៨៥ម៉ឺននាក់ កើនឡើង២២,៥% ធៀបនឹងឆ្នាំ២០២៣៕

អត្ថបទ៖ ពុទ្ធិកា