លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានគូសបញ្ជាក់ថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ដូចនេះបានធ្វឡើងក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឆ្នាំសិក្សា ២០២៤-២០២៥ ជាង២ពាន់ អង្គ/នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ។

ក្នុងពិធីសំណេះសំណាលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះនិស្សិតជ័យលាភី អាហារូបករណ៍ទាំងអស់។ ខណៈនោះលោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោកជំទាវបណ្ឌិតបន្តថា មូលធនមនុស្ស ដែលមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងជីវភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់ សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។

ទន្ទឹមនឹងនេះការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជាអង្គការ-សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និងលទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួម ចំណែក ក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។ លោកជំទាវបណ្ឌិត បានអរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញតួនាទី ប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រាំ និងភាពបុរេសកម្ម ដើម្បីបុព្វហេតុដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន៕


