ឯកឧត្តម ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងពីតម្លៃ សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ រកដោយលំបាកថា គឺមានតម្លៃជាសកលដែលមានអ្នកទទួលស្គាល់ទូទាំងពិភពលោក មិនមែនត្រឹមតែ នៅកម្ពុជាប៉ុណ្ណោះទេ ។
ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋ ខ្មែរ”នាថ្ងៃ២៧ កុម្ភៈ ឯកឧត្តមប៉ែន បូណា បានមានប្រសាសន៍ពីតម្លៃសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានព្យាយាមខិតខំរកដោយលំបាកអស់ជាង៣ទសវត្សរ៍មកនោះ គឺពិត ជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាព ។
ឯកឧត្តមបន្តថា ដោយសារសម្តេចតេជោបានរកតម្លៃសន្តិភាពដោយលំបាកនោះហើយ ទើបសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាតម្លៃសន្តិភាពនេះ សម្រាប់ឲ្យមនុស្សជំនាន់ក្រោយឲ្យរស់នៅក្នុងដំបូលសន្តិភាព ចៀសវាងជួបភ្លើងសង្គ្រាមដូចពីអតីតកាល ដោយមិនឲ្យក្រុមប្រឆាំងមួយក្តាប់តូចមកបំផ្លាញបានឡើយ ព្រោះពួកគេប្រឆាំងសព្វបែបយ៉ាង សូម្បីតែសន្តិភាព។
អំពីតម្លៃសន្តិភាពនេះដែរ ឯកឧត្ដមប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកបង្ហាញពីកម្ពុជាបានជាប់ ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ អាណត្តិ២០២៥-២០២៦ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤កន្លងមក ។ ដូចគ្នានេះដែរ សម្តេចតេជោដែល ជាប្រតិបត្តិករសន្តិភាពក៏បានទទួលពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានផ្តាំទៅក្រុមប្រឆាំងដែលបានចំអកឡកឡឺយ ចំពោះតម្លៃ សន្តិភាពថា ដូច្នេះល្មមភ្លឺភ្នែកហើយ កុំធ្វើនយោបាយផ្ទុយពីនិន្នាការរបស់ពលរដ្ឋខ្មែរ ក៏ដូចជាការផ្ទុយ ពីនិន្នាការរបស់ពិភពលោក ហើយក៏កុំយកអង្កាមបាច់បញ្ច្រាស់ខ្យល់ដែរ ព្រោះគ្មានផលប្រយោជន៍អ្វីនោះទេ មានតែនាំទុក្ខទោសដល់ខ្លួនឯងទៅវិញទេ ៕

