សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន នៅតែ​បន្តគោ​ល​នយោបាយ​សុខដុមនីយកម្មជាតិសាសន៍និងសាសនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច ហើយក្នុងនាម ជាថ្នាក់ដឹកនាំបន្តវេន សម្តេចធានាអះអាងថា នៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល”។ ការគូសបញ្ជាក់របស់សម្តេចនាយក​រដ្ឋមន្ត្រី ដូចនេះបានធ្វើឡើងក្នុងពិធី​បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្តថា ក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ។ ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, សហគមន៍ខ្មែរ​ឥស្លាម​មានការរីកចម្រើន និងមាន​សេរីភាពជំនឿសាសនាយ៉ាងពេញលេញ, ជាពិសេសរាជរដ្ឋាភិបាលបាន​រៀបចំឱ្យមាន​ស្ថាប័នកំពូលឥស្លាម​ឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែ​រឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូល​របស់​ជាតិ និងនៅថ្នាក់ក្រោមជាតិ ។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​លទ្ធិជ្រុលនិយម​ គឺជា​សត្រូវ​នៃភាព​សុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គមជាតិ ។ ជាក់ស្តែង, គ្មាន​សង្គម​ណាមួយ​ ដែល​មាន​ភាព​បរិសុទ្ធ​ឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយ​សង្គម​ដែល​ទាមទារ​ភាព​បរិសុទ្ធបែបនេះ គឺតែងតែ​នាំមកនូវសោកនាដកម្ម​, ការធ្វើទុក្ខបុកម្នេញ, ការសងសឹក​គ្មាន​ទីបញ្ចប់ ហើយ​ដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរក​សកម្មភាពបោសសម្អាតជាតិសាសន៍។ តាម​ពិត, ពិភពលោកយើង​ពិតជាមាន​មេរៀន​ច្រើនរាប់​មិន​អស់​ ពីសោកនាដកម្ម​ ដែល​មាន​ឫសគល់​ចេញពី​លទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែល​កម្ពុជា បានឆ្លងកាត់​ ក្នុងរបបប្រល័យពូជសាសន៍ ​ប៉ុល ពត។ ជាក់ស្តែង, ក្រុមប្រឆាំងជ្រុលនិយម​ ព្រោះតែមហិច្ឆតា​នយោបាយ​របស់ខ្លួន​ បាន​បរិហារ​ដោយ​បំពាន​លើ​តថភាពប្រវត្តិសាស្ត្រ និង គុណតម្លៃមិន​អាច​កាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែល​ជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូន​ខ្មែរ​ឥស្លាម​ផងដែរ ។

សម្តេចបវរធិបតី បានថ្លែងបន្ថែមថា ការជំរុញ​សុខដុមនីយកម្មជាតិ​សាសន៍ និង សាសនា ត្រូវមាន​ការចូលរួម​ពីប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួម​សហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយ​គ្មាន​រើស​អើង ដោយ​គ្មានលទ្ធិជ្រុលនិយម គឺជាកត្តា​គាំទ្រដ៏សំខាន់ សម្រាប់​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ធានា​ភាពសុខដុម​រមនា​ និងសន្តិសហវិជ្ជមានរបស់សង្គមដែល​មាន​ភាពចម្រុះ ។

គួរបញ្ជាក់ថា មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។

បច្ចុប្បន្នកម្ពុជា មានសាសនិកឥស្លាមប្រមាណ ៥% សាសនិកនៃព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេង ២% ៕