ក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន​ នឹងបង្កើនកិច្ចសហការរួមគ្នា លើកិច្ចការពារ និងអភិរក្ស​ប្រភេទសត្វ​ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ហ្វីលីពីន ​ក្នុងវិស័យកសិកម្ម​ ព្រមទាំងបន្តពង្រឹ​ងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន។ ការលើកឡើរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម​(Zoom) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ​ កម្ពុជា-ហ្វីលីពីន​ បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។

បើតាម​ ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន​ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្ស​ប្រភេទសត្វ​ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ៕