ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចេញសារវ៉ៃខោកទណ្ឌិត សម រង្សុី បញ្ចេញព័ត៌មានមិនពិត ចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់

នៅព្រឹកថ្ងៃអង្គារ ខែកុម្ភៈនេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចេញសារវៃខោកទណ្ឌិត សម រង្សុី ដែលតែងតែបង្ហោះព័ត៌មានកខ្វក់ក្លែងក្លាយបំភាន់សាធារណៈជន។

ការចេញវៃបកតបភ្លាមៗទៅកាន់លោក សម រង្សុី ក្រោយទណ្ឌិតចាស់វស្សារូបនេះបង្ហោះសារបំភាន់សាធារណៈជនរឿងពាក់ព័ន្ធលោក លឹម គឹមយ៉ា ដោយភ្ជាប់ជាមួយករណីឯកឧត្តម ហ៊ុក ឡង់ឌី ដើម្បីកេងចំណេញនយោបាយ។

ឯកឧត្តម ឌី វិជ្ជា បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ជូនលោក សម រង្សុី សូមបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់ដើម្បីបំភាន់សាធារណជន និងទម្លាក់កំហុសជារឿយៗមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងខ្ញុំ ប្រទេសកម្ពុជាមានច្បាប់មានទម្លាប់ត្រឹមត្រូវមិនមែនធ្វើអ្វីមួយស្រេចតែការនឹកឃើញនោះទេ ល្មមៗបានហើយ។

ថ្មីៗនេះ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានជួបពិភាក្សាគ្នាអំពីចំណាត់ការរបស់អាជ្ញាធរកម្ពុជា ទាក់ទងនឹងការស៊ើបអង្កេតរបស់ភាគីថៃ លើសំណុំរឿងឃាតកម្ម លោក លីម គីមយ៉ា។ 

អតីតគណបក្សប្រឆាំងដែលមានសញ្ជាតិបារាំងរូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា កន្លងមក។ ស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គម X ផ្លូវការរបស់ខ្លួន នាថ្ងៃទី២៤ ខែកុម្ភៈ នេះ បានអះអាងថា រដ្ឋាភិបាលខ្លួនកំពុងតាមដានការស៊ើបអង្កេតយ៉ាងជិតដិត៕