ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងពីហានិភ័យនៃការនេសាទលៀសនៅបឹងទន្លេសាប ដែលជាការអូសយកលៀសជាលក្ខណៈទ្រង់ទ្រាយធំ មិនមែនជាការរាវលៀសជាលក្ខណៈគ្រួសារនោះទេ។
តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានលើកឡើងថា៖ គេថារាវលៀសរកតែមួយក្រពះ តាមពិតគ្រាន់តែជាការនិយាយដោះសារទេ។ ការនេសាទលៀសនៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦គឺ៖
១. គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ
២. គេមិនមែនរាវទេ គេយកម៉ាស៊ីននិងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើចំណីសត្វដទៃទៀត
៣. ធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស
៤. នៅពេលដែលយើងដាច់ពូជ អ្នកជិតខាងនឹងដឹកលៀសមកឱ្យយើងហូប
៥. លៀស និងខ្ចៅនេះជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ធ្វើឱ្យមានតុល្យភាពអេកូឡូស៊ី
៦. ការនេសាទបែបបំផ្លាញបែបនេះ តើវាអាចបន្តពូជហើយឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ?
ចំណុចទាំងអស់នេះហើយ ក្រោយការសិក្សាស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ធាតុចូលទៅដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់និងបង្ក្រាប។ ដូច្នេះ ការអូសលៀសគឺធ្វើឡើងដោយបែបនេះ មិនមែនជាការរាវលៀសជាលក្ខណៈគ្រួសារទេ។ ខ្ញុំថែមទាំងបានបោះលេខឡានដែលដឹកទៅប្រទេសជិតខាងថែមទៀតផង។ បើគ្រាន់តែនេសាទយកមកធ្វើជាចំណីអាហាររបស់មនុស្ស មិនខ្វះលៀសហូបនោះទេ តែបើធ្វើបែបនេះ គឺនឹងរលាយហើយ ដូចអ្វីដែលកើតមានក្នុងប្រវត្តិសាស្ត្រ គឺករណីព្រៃឫស្សីបន្ទាយលង្វែកដោយប្រាក់ដួង ហើយលៀសនេះ គឺដោយសារប្រាក់ដុល្លារ។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តមបណ្ឌិត សុខ ទូច៕




