គម្រោងសាងសង់ទឹកស្អាត នៅក្រុងកំពង់ចាម សាងសង់បានជាង៨០ ភាគរយ និងគ្រោងបញ្ចប់នៅចុងខែមីនាខាងមុខនេះ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត៣ទីតាំងការដ្ឋានក្នុងក្រុងកំពង់ចាម។

បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយៈពេលចាប់តាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គឺដំណើរការបានជាង៨០ ភាគរយហើយ ក្នុងនោះបានដំណើរការ៣ទីតាំង ការដ្ឋានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ទីតាំងការដ្ឋានទី១ ស្ថានីយបូមទឹកឆៅជ្រោយថ្ម គឺបងទឹកពីទន្លេ បញ្ជូនទៅស្ថានីយ៍ ចម្រោះទឹកស្អាត នៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលមានលទ្ធភាព ចម្រោះទឹកស្អាត ដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បានជាង១២,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។

ឯកឧត្តមកអភិបាលខេត្ត បានឲ្យដឹងទៀតថា ទីតាំងទី២ នៅចំណុចក្បែររូបសំណាកជ័យវរ្ម័នទី៧ ក្នុងសង្កាត់បឹងកុក គឺរៀបចំក្នុងគម្រោងថ្មី ដែលត្រូវផលិតទឹកស្អាតប្រមាណ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគម្រោងនេះ ត្រូវបូមទឹកទន្លេពីចំណុចក្បែររូបសំណាកជ័យវរ្ម័នទី៧ បញ្ជូនទៅអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អាត នៅក្រោយសាលាសង្កាត់បឹងកុក ក្នុងក្រុងកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងសាងសង់ទឹកស្អាត ដែលជាលទ្ធភាពរបស់ដៃគូអភិវឌ្ឍន៍ នៃគម្រោងហិរញ្ញប្បទានរបស់អេឌីប៊ី គឺមានវិសាលភាពក្នុងការផ្គត់ផ្គង់ទឹក ទាំងផែនការមុន និងផែនការថ្មីជាង៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ៕