កម្ពុជា បញ្ជាក់ពីជំហរបន្តពង្រឹងនិងពង្រីក​កិច្ចសហប្រ​តិបត្តិការជាមួយ​ឥណ្ឌា ដើម្បីជំរុញ​ការ​អនុវត្តគ​ម្រោងអ​ភិវឌ្ឍន៍ធនធា​នទឹក

កម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួន។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជា​ណាចក្រកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកទាំងនោះ មានដូចជា៖ ទី១)គម្រោងសាងសង់អាងស្តុកទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី២)គម្រោងអភិវឌ្ឍន៍អាងទឹកតាសាលជំហាន២ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី៣)គម្រោងដំឡើងស្ថានីយបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ ទី៤)ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ទី៥)ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និង ទី៦)ការកសាងទំនប់អាងទឹកធំៗ និងប្រព័ន្ធធារាសាស្រ្តផ្សេងទៀត។

ឯកឧត្តម ថោ ជេដ្ឋា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាល​តែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជា​ណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ពុទ្ធិកា