ប្រជាពលរដ្ឋប្រមាណជាង៤០០០គ្រួសារ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥នេះ។

មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង ព្យាបាល ជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានាឱកាសនេះ។
លោកជំទាវបណ្ឌិត បានអោយដឹងថានេះជាលើក១ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាល ជូនប្រជាលពលរដ្ឋនៅខេត្តឧត្តរមានជ័យ លោកជំទាវបន្តថានៅក្នុងអាណ្ណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងជម្រុញវិស័យសុខាភិបាល ផ្នែក ICU ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ ភូមិ ឃុំ របស់ពួកគាត់។
ជាក់ស្តែងដូចក្នុងឱកាសនេះលោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង៤០០នាក់ ចុះមកព្យាបាលជូន លោកយាយ លោកតា អ៊ុពូមីងប្រកបដោយស្នាមញញឹម។ ម្យ៉ាងតំបន់នេះធ្លាប់ជាកន្លែងសមរភូមិដ៏ក្តៅគកុក សំបូរទៅអតីតយុជន ដែលរាជរដ្ឋភិបាលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ អ្វីដែលរឹតតែពិសេសនោះគឺបានចូលរួមកាត់ការចំណាយរបស់បងប្អូនមួយចំណែកទៀតផង។

លោកជំទាវអោយថាការចុះមកព្យាបាលនាថ្ងៃនេះរួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូនិងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម ហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរ និងបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ក្រោមការឧបត្ថមទាំងស្រុងពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនាឱកាសនេះ បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណជាអនេកចំពោះ លោកជំទាវបណ្ឌិត និង សម្តេចទាំងបី ក្នុងការផ្តល់ឱកាសដ៏វិសេសវិសាល ចុះមកព្យាបាលជំងឺជូនពួកគាត់ ដោយមិនគិតថវិកាអ្វីទាំងអស់ ថែមទាំងយកចិត្តដាក់ក្នុងព្យាបាលថែមទៀតផង។

ដោយឃើញពីកាយវិកាដ៏មនុស្សធម៌ របស់លោកជំទាវបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ខិតខំចំណាយ កម្លាំងកាយចិត្ត ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតអ្វីទាំងអស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណះអភិបាល ខេត្តឧត្តរមានជ័យ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ និងក្រុមគ្រូពេទ្យអស់។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបន្តថា ការព្យាបាលជំងឺដោយមិនគិតថ្លៃនេះ គឺបានចូលរួមកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់នេះ បានមួយចំណែកទៀតដែរ។
គួរបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យនិងព្យាបាលជំងឺ លោកជំទាវបណ្ឌិតក៏បានចែកកាបូបស្ពាយដល់ក្មួយៗសិស្សានុសិស្សប្រមាណជិត2០០នាក់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕



