ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក

ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នាតាមរយៈការផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។

សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project) នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងនៃបង្កើនចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ និងជំរុញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបផ្ទាល់។

សម្រាប់កម្មវិធីគម្រោងអង្គរនេះដែរ ក្រៅពីផ្ដិតយករូបភាពរបស់សិល្បករសិល្បការិនី អមជាមួយទេសភាពតាមប្រាសាទក្នុងតំបន់អង្គរហើយនោះ ក៏មានកម្មវិធីចំនួន២ ផ្សេងទៀត រួមមានកម្មវិធីពិព័រសិល្បៈ ដែលនឹងបើកជាផ្លូវការនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខាងមុខសួនច្បារសារមន្ទីរជាតិអង្គរ ក្រុងសៀមរាប ដែលកម្មវិធីនេះនឹងមានការការចូលរួមពីថ្នាក់ដឹកនាំប្រទេសទាំងពីរ ថ្នាក់ដឹកនាំខេត្ត សិល្បករសិល្បការីនី មន្ទីរអង្គភាព វិស័យឯកជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ សម្រាប់ថ្ងៃដដែលនេះដែរ ក៏មានកម្មវិធីបរិច្ចាគមូលនិធិសប្បុរសធម៌ និងផ្តល់អំណោយមនុស្សធម៌ដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕

សេង ផល្លី មន្ទីរព័ត៌មានខេត្តសៀមរាប