កម្ពុជា ទទួលបានឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារ​អន្តរជាតិ​៣គ្រឿង ពីកូរ៉េខាងត្បូង ឧបករណ៍នេះ នឹងជួយឱ្យការតាមដានត្រួតពិនិត្យ​គុណភាពខ្យល់​កាន់តែច្បាស់លាស់

រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាព​ខ្យល់​ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាម​ដាន​ត្រួតពិនិត្យ​គុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប​នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។

ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅ​ក្រសួង​​បរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតី​ភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។

ការគ្រប់គ្រងគុណភាពខ្យល់ ត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានា​រក្សារក្សា​បានសុខុមាលភាពល្អជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យ​ដឹងថា ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េខាងត្បូង​នេះ មានស្តង់ដារអន្តរជាតិ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋាអាមេរិក ក៏ដូចជាបណ្តាល​ប្រទេសនៅអឺរ៉ុបផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមរយៈឧបករណ៍តាមដានត្រួត​ពិនិត្យគុណភាពខ្យល់ពីប្រទេសកូរ៉េខាងត្បូងនេះ ជួយឱ្យកម្ពុជាពង្រីកការគ្រប់គ្រង និង​ទទួលព័ត៌មានពីគុណភាពខ្យល់កាន់តែច្បាស់លាស់ និងមានស្តង់ដារខ្ពស់។ ឧបករណ៍​នេះ ក៏មានសមត្ថភាពបញ្ជាក់ព័ត៌មាននៃលំហូរ និងទិសដៅខ្យល់ពីប្រទេសមួយ​ទៅ​ប្រទេស​មួយថែមទៀតផង។

ក្រៅពីទទួលបានឧករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិហើយនោះ ក្រសួងបរិស្ថាន ក៏សហការជាមួយសាកលវិទ្យាជាតិ​សេអ៊ូលរបស់កូរ៉េខាងត្បូង ដើម្បីទទួលបានព័ត៌មាននានាពីលំហូរខ្យល់ពុលថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ពីការប្រឹងប្រែងលើកិច្ចការតាមដាន និង​ត្រួតពិនិត្យគុណភាពខ្យល់យ៉ាងដូច្នេះ «យើងប្រឹងប្រែងឱ្យអស់លទ្ធភាព​ធ្វើយ៉ាងណា​រក្សា​គុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អ និងជូនព័ត៌មានដល់ប្រជាជនបានទាន់​ពេល​វេលា»។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឧបករណ៍ដែលកម្ពុជាទទួលបាន​ពី​រដ្ឋា​ភិបាលកូរ៉េខាងត្បូងនេះ ​មានដំឡើងនៅប្រទេសថៃ ឡាវ និងបណ្តាប្រទេស​អាស៊ាន​មួយ​ចំនួនទៀត។ ដូច្នេះតាមរយៈឧបករណ៍នេះ នឹងធ្វើឱ្យបណ្តាប្រទេសនៅតំបន់​អា​ស៊ាន ទទួលបានព័ត៌មានគុណភាពខ្យល់ជាក់លាក់ ដោយមិនអាចចោទប្រកាន់គ្នាពាក់​ព័ន្ធ​បញ្ហាគុណភាពខ្យល់ទៀតនោះឡើយ។

បើទោះបីជាយ៉ាងណា ដើម្បីឈានទៅគ្រប់គ្រងគុណភាពខ្យល់ក្នុងតំបន់ឱ្យបានល្អ​ប្រ​សើរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទូចដល់ប្រទេសសមាជិកអាស៊ាន​រួមគ្នា​យកចិត្ត​ទុកដាក់លើគុណភាពខ្យល់ ដោយតាមដាន ចាត់វិធានការទប់ស្កាត់ និងកែលំអរ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា មានតែធ្វើការរួមគ្នាទេ ទើបអាចគ្រប់គ្រង​គុណភាព​ខ្យល់​បានល្អប្រសើរ ទាំងក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប់ជា​ប្រចាំជាមួយ​ឧបករណ៍​ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ តាមរយៈឧករណ៍ដែលកម្ពុជា ប្រើ​ប្រាស់នាពេលបច្ចុប្បន្ននេះ បានបង្ហាញថា គុណភាពខ្យល់រាជធានីភ្នំពេញ ក៏ដូចជា​តាមបណ្តាខេត្តដទៃទៀត មានសភាពល្អប្រសើរ។

ព័ត៌មានពាក់ព័ន្ធគុណភាពខ្យល់នេះ ត្រូវបានក្រសួងបរិស្ថាន ធ្វើបច្ចុប្បន្នភាព និងផ្សព្វ​ផ្សាយ​ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីតាមដាន និងពិនិត្យគុណភាព​ខ្យល់​នៅកម្ពុជា ចូលទៅមើលជាមួយកម្មវិធីលើទូរស័ព្ទដៃរបស់ក្រសួងបរិស្ថាន ដែលមាន ឈ្មោះថា CGS SPA។

កម្មវិធីនេះ គេអាចចូលទៅទាញយកពី App Store សម្រាប់ទូរស័ព្ទ iphone និងទាញយកពី Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android៕