កម្ពុជា ជាប់ជាប្រទេសជ័យលាភី ក្នុងការធ្វើទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ ហៅកាត់ថា GCM country ដែលនៅក្នុងតំបន់អាស៊ី មានតែចំនួន ៦ប្រទេសប៉ុណ្ណោះទទួលបានជ័យលាភីនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រី Sarah Lou Arriola ប្រធានអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបតែតាំងថ្មី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។
លោកស្រីប្រធានអង្គការ IOM បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា សមិទ្ធផលដែលកម្ពុជា ខិតខំសម្រេចបានក្នុងការក្លាយជា GCM country នេះ។ លោកស្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដោយដើរស្របតាមផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិ ដែលបានកំណត់នៅលើការងារនេះ។ លោកស្រី បានជម្រាបជូនបន្ថែមដែរថា ស្ថានភាពការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនូវប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន បានសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរទៅលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។ លោកស្រី សង្ឃឹមជឿជាក់ថា នឹងអាចយកបទពិសោធន៍ទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កម្ពុជាបាននិងកំពុងខិតខំធ្វើ គឺទីមួយពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ដែល កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះកាលពីដើមឆ្នាំ២០២៣ ហើយទន្ទឹមនោះ ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះយ៉ាងសកម្មដែរ។
សម្ដេចក៏សង្ឃឹមជឿជាក់ថា តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អៗរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម បានលើកទឹកចិត្តឲ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការងារនេះ។ សម្ដេចក្រឡាហោមជឿជាក់ថា អង្គការ IOM និងក្រសួងមហាផ្ទៃ នឹងបន្ដពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕
អត្ថបទ៖ អក្ខរា