សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យពលរដ្ឋត្រូវហ៊ានរាយការណ៍ករណីគ្រូពេទ្យរើសអើង​នៅពេលប្រើបណ្ណ ប.ស.ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីគ្រូពេទ្យរូបណាមិនយកចិត្តទុកដាក់ ឬរើសអើង នៅពេលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណបេឡាជាតិសន្តិសុខសង្គម (ប ស ស) ក្នុងការព្យាបាលជំងឺ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចបវរធិបតី ណែនាំដល់ក្រសួងសុខាភិបាល ត្រូវធានាថាពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្តល់កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីដែលគ្រូពេទ្យរូបណាដែល មិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល»។

លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ជាពិសេសប្រជាពលរដ្ឋណា ដែលមានបណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប ស ស៕