សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ និងចំណូល មានការចេញមកវាយប្រហារថារ ដ្ឋអស់លុយហើយ និងការចំណាយកាន់តែប៉ោងទៅ។ សម្តេចបានបន្តថា ការប៉ោងថវិកា ដោយសារតែកំណើនរបស់ប្រជាជន ការលើកស្ទួយជីវភាពប្រជាជន និងការដំឡើងបៀវត្សរ៍មន្ត្រីរាជការ ហើយប៉ោងថវិកាជាងគេ គឺការជួយសង្គម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប្រជាពលរដ្ឋកើនរាប់លាននាក់ ដែលត្រូវការការជួយបន្ថែមទៀត មិនមែនប៉ោងដោយសារយកលុយទៅទិញនាវាចម្បាំង ឬក៏កប៉ាល់ហោះប្រយុទ្ធទេ គឺលុយធ្លាក់លើប្រជាពលរដ្ឋនេះឯង។ នេះហើយថវិកាយើងកើនឡើង ទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈការដំឡើងបៀវត្សរ៍ ការវិនិយោគសំខាន់លើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ ចំណូលថយ។ ចំណូលថយដោយសារអី? ទី១ សេដ្ឋកិច្ចរបស់យើង អត់ដូចមុនកូវីដទេ បើយើងប្រៀបធៀបនឹងពីមុនវាថយ។ ទី២ នៅក្នុងដំណាក់កាលនេះ ក៏យើងបន្ថូរបន្ថយច្រើនណាស់ ការអនុគ្រោះពន្ធអី ដែលមិនឲ្យយកពីប្រជាពលរដ្ឋ ពីវិស័យឯកជនច្រើនណាស់ សូម្បីតែសាកលវិទ្យាល័យឯកជនក៏សុំអនុគ្រោះ សូម្បីតែវិស័យកសិកម្មអី យើងទម្លាក់ជូនគាត់ច្រើនណាស់ ទាំងវិស័យទេសចរណ៍ បានន័យថា ចំណូលយើងទុកនៅប្រជាពលរដ្ឋ។ សួរថា រដ្ឋប៉ុណ្ណឹងបាត់ម្ចាស់ការទេ? អត់ទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ថ្ងៃមុន គ្រាន់តែក្រសួងសង្គមកិច្ចយើងយឺតបន្តិច តែម្តងគត់ ប្រហែលមួយអាទិត្យ គេចេញមកថា រដ្ឋអស់លុយហើយ។ ខ្ញុំសូមបញ្ជាក់ឡើងវិញ រដ្ឋមិនអស់លុយទេ ហើយមិនត្រឹមតែមិនអស់លុយ ក្នុងការធានាចរន្តប្រៀបធៀបទៅឆ្នាំ២០២៤ទេ តែយើងថែមទាំងមានលទ្ធភាពបង្កើនបៀវត្សរ៍ជូនមន្ត្រីរាជការ និងបង្កើនថវិកាជួយប្រជាជន តាមប្រព័ន្ធគាំពារសង្គមទៀត ហើយអត់មានយឺតទេ»។
សូមជម្រាបថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ មានវិសាលភាពគ្របដណ្ដប់ពលរដ្ឋបានចំនួនជាង ៧,៥លាននាក់ ត្រឹមដំណាច់ឆ្នាំ២០២៤។ តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។
សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្ដែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈរបស់រាជរដ្ឋាភិបាលបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ បន្ថែមទៀត ដែលជាគោលនយោបាយ មានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គមកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕



