សម្តេចតេជោ ហ៊ុន សែន ចាត់ទុករឿងបណ្ឌិតសុខ ទូច និងមន្ត្រីនគរបាល គ្មានអ្នកណាចំណេញនោះឡើយ ផ្ទុយទៅវិញគឺខាតទាំងអស់គ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុករឿងរវាងបណ្ឌិតសុខ ទូច និងមន្ត្រីនគរបាលគ្មានអ្នកណាចំណេញនោះឡើយ ផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។

សម្តេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា៖ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹង ថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារ នគរបាលចរាចរ។ តើអ្នកណាជាអ្នកទទួលផលចំណេញ លើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។

សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិក៏ដូចជាអ្នក ពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា បន្តការងាររៀងៗខ្លួន។ សម្តេចសង្ឃឹមថា អ្នកថែមអំបិលប្រហុកទឹកត្រី បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកសម្តេចវាយប្រហារ ម្ខាងៗ។ សម្តេចបានបន្តថា បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះសម្តេចបានមើលរួចហើយ៕