រឿងព្រំដែន! អភិបាលខេត្តឧត្តរមានជ័យ អះអាងថា មិនមានអ្នកណារំលោភបំពានអ្នកណាទេ

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា កងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវសាមគ្គីគ្នាមានការអីទំនាក់ទំនងគ្នាល្អ ក្នុងនោះមិនមានអ្នកណារំលោភបំពានអ្នកណាទេ ឯរឿងព្រំដែនទុកឲ្យគណៈកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ។

ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់អញ្ជើញមកលេងប្រាសាទតាមាន់ សូមអញ្ជើញមកទស្សនាប្រាងប្រាសាទដែលជាមរតកដូនតាយើង ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពយើងផងដែរ។

ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំង ដែលឈរជើងនៅទិសប្រាសាទតាមាន់ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់កាសែតថៃ នាពេលថ្មីៗនេះ មានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅប្រាសាទតាមាន់ធំ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ បន្ទាប់ពីទាហានថៃបានចូលទៅហាមមិនឱ្យពលរដ្ឋខ្មែរមួយក្រុម ឈរអមដោយទាហាន ច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទ។ បើតាមការអះអាងរបស់ភាគីថៃ ទាហានខ្មែរបានប្រតិកម្មតបវិញភ្លាម ដោយការគំរាមប្រើអាវុធតតាំងជាមួយទាហានថៃ។

សភាពការណ៍ជារួម គិតនៅត្រឹមថ្ងៃទី១៨ ខែកុម្ភៈនេះ គឺប្រក្រតីជាធម្មតា ថ្វីបើមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅតំបន់នោះក៏ដោយ។ នេះបើតាមការបញ្ជាក់ទាំងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា និងអភិបាលខេត្តឧត្តរមានជ័យ៕