រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួល​ស្គាល់​ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម

រដ្ឋសភា បានអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈ​កាល​នៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិប​តីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំង​ឡាយដែលមិន​ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តឡើងក្នុងរយៈ​កាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ​ត្រូវបានទទួលស្គាល់​ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់​យុត្តិធម៌ដល់​ជនរងគ្រោះនៅក្នុងរបបខ្មែរ​ក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ក្រោយពីបានពិភាក្សាតាមនីតិវិធីរួច អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចំនួន១១៥សំឡេង នៃវត្តមាន​សមាជិករដ្ឋសភា​ចូលរួមប្រជុំចំនួន១១៥រូប។

អត្ថបទ៖ ពុទ្ធិកា