ប្រជាពលរដ្ឋជាង១,៧០០គ្រួសារ រស់នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល បានចាត់ក្រុមការងារ ចុះដោះស្រាយសម្របសម្រួលបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ។ ការបញ្ចប់វិវាទរ៉ាំរៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីដ៏មានតម្លៃបំផុតលើទឹកដីភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយប្រជាពលរដ្ឋជាង១,៧០០គ្រួសារនៅក្នុងបរិវេណវត្តទំនប់ក៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយសម្របសម្រួល បានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង ។
ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយបានបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង តាមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំជូនបងប្អូនប្រជាពលរដ្ឋ តាមបែបឈ្នះឈ្នះ ។

នៅក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានឆ្លៀតពេលដ៏មានតម្លៃយ៉ាងមមាញឹក បានហៅ ទូរស័ព្ទ (Video Call ) ជួបសំណេះសំណាលផ្ទាល់ជាមួយលោកយាយលោកតា ពូមីង បងប្អូន ប្រជាពលរដ្ឋ ដែលទើបបញ្ចប់វិវាទរ៉ាំរ៉ៃប្រកបដោយភាពស្និទ្ធស្នាលបំផុត ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែរំភើបសប្បាយបំផុត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចូលរួមរីករាយត្រេកអរជាមួយប្រជាពលរដ្ឋដែលទើបបញ្ចប់វិវាទរ៉ាំរ៉ៃនេះ។
គួរបញ្ជាក់ថា ក្រោយពីបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំនេះ ប្រជាពលរដ្ឋ ក៏បាននាំយកទាំងមាន់ទា បន្លែ ផ្លៃឈើ ដូង ចេក ល្ហុង ខ្នុរ ជាភោគផលដែលពួកគាត់បាន ចិញ្ចឹម ដាំដុះ មើលថែតាមផ្ទះ យកមកគោរពផ្ញើជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ទុកជាវត្ថុភ្ជាប់និស្ស័យកំដរដៃ បញ្ជាក់អំពីចំណងទឹកចិត្តគោរពស្រលាញ់ ដ៏ស្ម័គ្រស្មោះ និងការដឹងគុណចំពោះសម្តេចផងដែរ៕

