បណ្ឌិត គិន ភា៖ ល្មមដល់ពេលវេលាដែលត្រូវព្យាបាលដំបៅសង្គមនេះហើយ!

បញ្ហាសង្គមយើងបច្ចុប្បន្នប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយយើង គឺនៅកើតនៅលើអវៈយាវៈនិងដងខ្លួនទាំងមូល។ បើមិនព្រមព្យាបាលដំបៅសង្គមនេះទេ ថ្ងៃណាមួយរាងកាយទាំងមូលនឹងស្លាប់។ កុំមើលងាយកមរមាស់ឱ្យសោះ បើវាកើតពេញដងខ្លួន ក៏វារំខានអ្នកមិនអាចសម្រាកបានដែរ នោះមិនទាន់គិតដល់ដំបៅងារដែលមានជាច្រើនកន្លែងទៀតផង។

សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ពួកគេមិនមានការគួសមផង ចុះទម្រាំប្រជាពលរដ្ឋធម្មតា តើឥរិយាបទពួកគេបែបណា?
ដើម្បីប្រកែកយកឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសកម្មភាពកន្លែងកើតហេតុដោយគ្មានក្រមសីលធម៌ ហើយបង្ហោះតែមួយកំណាត់ ដែលគិតថាខ្លួនមានប្រៀប។ ពួកគេមិនបានបង្ហោះសកម្មភាពទាំងមូលទេ។

សកម្មភាពរបស់នគរបាលចរាចរណ៍បែបនេះ មិនបង្ហាញពីការអនុវត្តប្រកបដោយក្រមសីលធម៌ សីលធម៌ និងវិជ្ជាជីវៈនោះទេ។ ពួកអស់លោកកំពុងតែរុញឱ្យរាជរដ្ឋាភិបាលបាក់មុខ ក្រសួងមហាផ្ទៃបាក់មុខ និងអគ្គស្នងការដ្ឋាននគរបាលជាតិបាត់មុខហើយ។

សូមអស់លោកទៅសម្ភាសន៍ប្រជាពលរដ្ឋទៅ តើមានប្រជាពលរដ្ឋប៉ុន្មានភាគរយដែលគិតថា នគរបាលចរាចរណ៍បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌នោះ?
សូមកុំរុញឱ្យខ្លោច រោចឱ្យឆៅ!

ខាងលើនេះជាសំណេរលើបណ្តាញសង្គម លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា