បណ្ឌិត សុខ ទូច ត្រូវប៉ូលិសដៀល និងស្រែកគំហកដាក់ថា «ហែងស្អីបានមកបញ្ជាកងកម្លាំង» រឿងវាស់ជាតិអាល់កុល

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមរៀបរាប់ពីការឈ្លោះទាស់ទែងគ្នាជាមួយប៉ូលិសចរាចរណ៍ រឿងវាស់ជាតិអាកុលពេលយប់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងសំណេរនោះ ឯកឧត្តមបានឲ្យដឹងថា ក្នុងត្រូវប៉ូលិចចរាចរណ៍ដៀល និងកំហកដាក់ទៀតផង។

បណ្ឌិត សុខ ទូច បានរៀបរាប់លើហ្វេសប៊ុកដូច្នេះថា៖ «ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត នៅតាមផ្លូវមកផ្ទះបានជួប សមត្តកិច្ចអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាននិងអោយខ្ញុំផ្លុំវាស់កំរិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញគេកំហកថាហែងស្អីបានមកបញ្ជាកងកម្លាំង ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុលដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ អោយខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថាបើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ កាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំសុខទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសំរាក។ មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កំរិតដែលបង្កបញ្ហាផងតើអោយខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំអោយគ្រួសារខ្ញុំថតវិញ គេមិនអោយថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ»៕