ប្រធានរដ្ឋសភាកម្ពុជា ប្រាប់គណៈប្រតិភូសភាសហរដ្ឋអាមេរិកថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណប្រមាណជា១៥០មុខដែលកម្ពុជាបានបាត់កាលពីសម័យសង្រ្គាមមកវិញ។ ជាមួយគ្នានេះ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកនិងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិតក្នុងសង្រ្គាមឥណ្ឌូចិនទៅកាន់មាតុប្រទេសវិញ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានកើតចេញពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣ ដែលជាការបោះឆ្នោតមួយមានលក្ខណៈប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋម្ចាស់ឆ្នោតជាង ៨៤%​ចេញទៅបោះឆ្នោត ហើយក្នុងចំណោមអ្នកបោះឆ្នោតចំនួន៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នៅរដ្ឋសភាបច្ចុប្បន្នមានគណបក្សចំនួនពីរដែលមានអាសនៈក្នុងរដ្ឋសភា។ រដ្ឋសភាកម្ពុជា ជាសភាមួយដែលមានយន្តការច្បាស់លាស់ក្នុងការលើកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយមានគណៈកម្មការជំនាញមួយ ទទួលបន្ទុកវិស័យសិទ្ធិមនុស្សនេះតែម្តង គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនិងអធិការកិច្ច។ នៅរដ្ឋសភានៃបណ្តាប្រទេសជាច្រើនបញ្ហាសិទ្ធិមនុស្ស គឺជាផ្នែកមួយរបស់គណៈកម្មការកិច្ចការបរទេសប៉ុណ្ណោះ។

ឯកឧត្តម ជីមី ផេនីតា ក៏ដូចជាសមាជិកគណៈប្រតិភូ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ គណៈប្រតិភូបានកោតសរសើរចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការសម្របសម្រួលទំនាក់ទំនងអាមេរិកនិងអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តម បានសន្យានឹងពំានាំការពិតពីកម្ពុជាជម្រាបជូនសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។

សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូសភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថាកម្ពុជានិងសហរដ្ឋអាមេរិក បន្តគំាទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានទំាងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងមនុស្សធម៌ ជាដើមនោះជាបន្តទៀត៕