សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/photo_2025-02-17_16-08-38-1277x850.jpg)
ក្នុងឱកាសនៃជំនួប, លោក Zhang Chaomin បានគូសបញ្ជាក់ថា ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ គឺបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។
លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/photo_2025-02-17_16-08-42-1277x850.jpg)
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។
សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិននានានៅក្នុងប្រទេសកម្ពុជា ៕