សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងឱកាសពិធីបុណ្យវិសាខបូជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ។
ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
ជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ អក្ខរា