សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមានឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះ, គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
សម្ដេចបវរធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និងការបោសសម្អាតមីន ជាដើម៕