ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ។ ព្រះរាជបន្ទូល ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្រ្តាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិផលនា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើង វិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្ដិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ព្រះមហាក្ស មានព្រះរាជបន្ទូលបន្តថា ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គម ជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតមួយ ។ អារាមនេះគឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយក៏ជាកន្លែងដែលបានផ្ដល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្មរបស់ព្រះអង្គផងដែរ ។
ព្រះមហាក្ស ក៏បានកោតសរសើរចំពោះសប្បុរសជននានារួមទាំងពុទ្ធបរិស័ទ ដែលបានជួយកសាង និងជួសជុលមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម តាំងពីដំណាក់កាលដំបូង រហូតមកទល់នឹងថ្ងៃសម្ពោធនេះ បានល្អប្រពៃ៕
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/photo_2025-02-17_10-06-08-1275x850.jpg)