ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
នៅក្នុងព្រះរាជពិធីនាព្រឹកនេះ ក៏មានវត្តមានរបស់សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ,សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងមានវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ និងមហាជនយ៉ាងច្រើនកុះករ ។

ក្នុងព្រះរាជសន្ទរកថា ក្នុងព្រះរាជពិធី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា វត្តឧណ្ណាលោម គឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយក៏ជាកន្លែងដែលបានផ្តល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្មរបស់ព្រះអង្គ ។
ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។
ព្រះអង្គ មានព្រះរាជបន្ទូលបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ ។
ទន្ទឹមនឹងនេះ ព្រះអង្គ ក៏មានព្រះរាជបន្ទូល កោតសរសើរចំពោះសប្បុរសជននានារួម ទាំងពុទ្ធបរិស័ទ ដែលបានជួយកសាង និងជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជូន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម តាំងពីដំណាក់កាលដំបូង រហូតមកទល់នឹងថ្ងៃសម្ពោធនេះ បានល្អប្រពៃ ។
អត្ថបទ៖ ពុទ្ធិកា


