រាជរដ្ឋាភិបាល ផ្ដល់ថវិកា ៦០លានដុល្លារ សម្រាប់ពង្រីកហេដ្ឋារចនា​សម្ព័ននិងបណ្ដាញទឹកស្អាត នៅខេត្តចំនួន៥

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិក ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ធ្វើការ​វិនិយោគពង្រីកហេដ្ឋារចនា​សម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខេត្តទាំង៥នោះ រួមមាន រដ្ឋាករទឹកកំពត ខេត្តកំពត ,រដ្ឋាករទឹកស្វាយរៀង ខេត្តស្វាយរៀង ,រដ្ឋាករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ,រដ្ឋាករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី និងរដ្ឋាករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការ​មួយដែលរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាង​បណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។

ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើន​ឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹង​​ការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់​នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ហើយរាជ​រដ្ឋាភិបាល នឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត៕

អត្ថបទ៖ ពុទ្ធិកា