សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យកងកម្លាំងដោះមីនចំនួន២១០នាក់ នៅ​បន្តភារកិច្ច​ជា​ធម្មតា​ ទោះបីអាមេរិកផ្អាកជំនួយ

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលរងផលប៉ះពាល់ដោយសារការផ្អាកនិងកាត់រំសាយ ក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិក​ ឲ្យនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំនូមពរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្តថា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់​ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិ ឱ្យអង្គភាពCMAC​រៀបចំនិងកែសម្រួលកម្លាំងចំនួន២១០នាក់នេះ។ ​ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពCMACទាំងមូលឯកឧត្តម ក៏គោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី​ ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនានា។

គួរបញ្ជាក់ថា​ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្អាកជំនួយភ្លាមៗ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមាន​រយៈពេល៨៥ថ្ងៃ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការមួយចំនួនរបស់អង្គភាពCMAC ដែលគាំទ្រដោយអង្គការជាដៃគូ ដែលបានទទួលថវិកាជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស សហរដ្ឋអាមេរិក។

ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ មានថវិកាចំនួនប្រមាណ២លាន ដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាពCMACចំនួន២១០នាក់ ដែលកំពុង បំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង៕

អត្ថបទ៖ ពុទ្ធិកា