ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កសិករទាំងអស់ ឲ្យបញ្ឈប់ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ នៅរដូវប្រាំង ។ ឯកឧត្តម លើកឡើងថា ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។

ឯកឧត្តម គីម រិទ្ធី បានបន្តថា ផលប៉ះពាល់អវិជ្ជមាននៃការដុតស្មៅមានដូចជា៖ ផ្សែងពីការដុតស្មៅមានផ្ទុកសារធាតុពុល ដែលអាចបណ្ដាលឲ្យមានបញ្ហាផ្លូវដង្ហើម និងជំងឺផ្សេងៗទៀត។ ការដុតស្មៅបំផ្លាញសារធាតុសរីរាង្គក្នុងដី ដែលធ្វើឲ្យដីមិនសូវមានជីជាតិ។ ភ្លើងអាចឆេះរាលដាលដល់ព្រៃឈើ និងបំផ្លាញជម្រកសត្វព្រៃ។ ភ្លើងដែលឆេះពីការដុតស្មៅ អាចរាលដាលយ៉ាងលឿនក្នុងរដូវប្រាំង ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
ជាមួយគ្នានេះ ឯកឧត្តម ក៏លើកទឹកចិត្តកសិករ ឲ្យប្រើប្រាស់វិធីសាស្ត្រកសិកម្មប្រកបដោយនិរន្តរភាពដូចជា៖ ការភ្ជួររាស់ដីជំនួសឲ្យការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ, ការប្រើប្រាស់ជីកំប៉ុស្តដើម្បីបង្កើនជីជាតិដី, ការដាំដំណាំគម្របដីដើម្បីការពារដីពីការហួតហែង ដូចជា៖ សណ្ដែកដី សណ្ដែកបាយ ល្ពៅ ត្រសក់ ឪឡឹក ល្ង ជាដើម។
អត្ថបទ៖ ពុទ្ធិកា
