គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំ ដោយឯកឧត្តម ថងលុន ស៊ីសុលីត(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើមកដល់កម្ពុជាហើយនៅព្រឹកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា។
បន្ទាប់ពីបានមកដល់រាជធានីភ្នំពេញ ឯកឧត្តមប្រធានរដ្ឋឡាវ ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ ឯកឧត្តម ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។
ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមប្រធានរដ្ឋឡាវ នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕
អត្ថប៖ អក្ខរា