សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរ​បញ្ជាការដ្ឋានវិស្វកម្ម ចំពោះការ​ខិតខំ​ប្រឹងប្រែង​កសាងផ្លូវក្រវាត់​ព្រំដែន

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈខ្ពស់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា។

ភ្ជាប់ជាមួយវីដេអូ បង្ហាញពីវឌ្ឍនភាពនៃការកសាងកំណាត់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារ​ចនា​សម្ព័​ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន តាមរយៈការបរិច្ចាគធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្តក្នុងបុព្វហេតុជាប្រវត្តិសាស្ត្រនេះ។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែល​មានប្រវែងផ្លូវសរុបប្រមាណ ២៥០គីឡូម៉ែត្រ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ផ្លូវក្រវាត់ព្រំដែនប្រវែងសរុប២៥០គីឡូម៉ែត្រ គឺស្មើជាង ១៨ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណជាង៥០ភាគរយ។

ចាប់តាំងឆ្នាំ១៩៩៤ មករាជរដ្ឋាភិបាល បានជំរុញកសាង ផ្លូវក្រវាត់ ព្រំដែនជាមួយ ប្រទេសជិតខាងទាំងបីដែលរួម មាន វៀតណាម ឡាវ និង ថៃ ។ រហូតមកដល់បច្ចុប្បន្ន  ផ្លូវក្រវាត់ព្រំដែនសាងសង់សម្រេចបានប្រមាណ១៣០០គីឡូម៉ែត្រ និងនៅសេសសល់ប្រមាណ១៣០០គីឡូម៉ែត្រ ត្រូវសាងសង់បន្ត៕

អត្ថបទ៖ ពុទ្ធិកា