រាជរដ្ឋាភិបាល សម្រេចទម្លាក់ថវិកាជាង១៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុក ក្នុងឆ្នាំ២០២៥នេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។

រាជរដ្ឋាភិបាល ក៏បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។

សម្តេចបវរធិបតី បានបន្ថែមថា​ បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា។

អត្ថបទ៖ ពុទ្ធិកា