ចៅហ្វាយក្រុង ដាក់បណ្ណាល័យចល័តនៅផ្លូវថ្មើរជើង ដើម្បីបំផុសទម្លាប់អានសៀវភៅដល់កូនខ្មែរ

បន្ទាប់ពីបើកដំណើរការសាកល្បងបាន២សប្តាហ៍កន្លងមក នៅក្នុងសប្តាហ៍ទី៣នេះ ពោលគឺនៅសៅរ៍ និងថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៥ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ដើម្បីបម្រើអារម្មណ៍អ្នកមកលេងកម្សាន្ត។ ក្នុងនោះអ្វីដែលញគេចាប់អារម្មណ៍ គឺអាជ្ញាធររាជធានីភ្នំពេញ បានដាក់បណ្ណាល័យចល័ត ដើម្បីឲ្យយុវជន និងកុមារ មានឱកាសអានសៀវភៅ នៅពេលទៅលេងកម្សាន្តផងដែរ ។

បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យមានដាក់បណ្ណាល័យចល័ត នេះ គឺក្នុងគោលបំណងបំផុស និងជំរុញទម្លាប់អានសៀវភៅដល់យុវជន និងកុមារ ដើម្បីបង្កើនចំណេះដឹងបន្ថែម តាមរយៈការអានសៀវភៅ ។

ជាមួយគ្នានេះ សម្រាប់ផ្លូវថ្មើជើង (Walk Street) នាសប្តាហ៍ទី៣ ខែកុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ទៅតាមការចង្អុលបង្ហាញរបស់អភិបាលរាជធានីភ្នំពេញ ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្តង់ទំនិញ និងការកម្សាន្តទាំងនោះរួមមាន ការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែង សិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូន សាធារណជន។

លោកស្រី ដោ សម្ផស្ស បានបន្តថា ផ្លូវ ថ្មើជើង Walk Street នៅសប្តាហ៍ទី៣នេះ ក៏មានការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ដូចជាការគូសគំនូរ យកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ គូសគំនូរ និង ផាត់ព័ណ៌ជាដើម។

ទន្ទឹមនឹងនេះ រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចរៀបចំកែសម្រួលតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង ចាប់ពីចុងសប្តាហ៍នេះត ទៅ។ បន្ថែមពីនេះសមាគមត្រីចក្រយានកម្ពុជា បានរៀបចំដាក់ស៊ីក្លូ សរុបក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹក ជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានកំណត់គោលដៅឈរ ជើងរៀងៗខ្លួន។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ។ ការសាកល្បងនេះ គឺត្រូវអនុវត្តន៍មួយសប្ដាហ៍២ថ្ងៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ៕

អត្ថបទ៖ ពុទ្ធិកា