សម្តេច ឃួន សុដារី ប្រាប់ឲ្យសកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក ដើម្បីទប់ស្កាត់រាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ក្រុមជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានណែនាំដល់សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។

ក្នុងឱកាសនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឭ ក៏ដូចជានៅទូទំាងខេត្តកណ្តាល បានប្រកាសថ្កោលទោសដាច់អហង្ការលើគម្រោងស្មោកគ្រោក ដែលជាសកម្មភាពភេរវកម្មរបស់ក្រុមជ្រុលក្នុងការប្រើប្រាស់ដ្រូនប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។ សកម្មភាពដ៏ថោកទាប ខ្មៅកខ្វក់ គ្មានសាសនានេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើអាយុជីវិតឥស្សរជនថ្នាក់ដឹកនាំកំពូលរបស់ជាតិមិនអាចអត់ឱនបានឡើយ។ សកម្មភាពឆ្កួតលីលានេះ នឹងឈានដល់ការបំផ្លាញសុខសន្តិភាព ស្ថិរភាពនិងការភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសនឹងទាញសង្គមជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសារជាថ្មី។

សម្តេចប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានគូសបញ្ជាក់ថា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តជ្រោងទង់ បង្កើតសមិទ្ធផលថ្មីៗ ជូនសង្គមជាតិ ដូចជាការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ ធានាបាននូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនិងភាពអនុគ្រោះសម្រាប់សម្មភាពអាជីវកម្មនិងការរស់នៅរបស់ប្រជាជន។ បានទាក់ទាញការវិនិយោគនិងការជំរុញលើកកម្ពស់សកម្មភាពធុរកិច្ចក្នុងប្រទេស ការបន្តផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ការបន្តវិនិយោគលើហេដ្ឋារចនាសម្ប័ន្ធរួមបញ្ចូលនូវផ្លូវ ទឹក ភ្លើងនិងប្រព័ន្ធឌីជីថល។ ការកែទម្រង់អភិបាលកិច្ចនិងស្ថាប័នសំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធនៃសេវាសាធារណៈ ជាដើម៕