ឯកឧត្តម ស សុខា ប្រកាសថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ការ «កំទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត «សម្ដេចតេជោ»!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាននិយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញនិយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។

ឯកឧត្តម បានលើកឡើងនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា «សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រីនៃមនោគមវិជ្ជារបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែនឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត ក៏ប៉ុនប៉ងមិនចេះចប់មិនចេះហើយ ទាំងដោយកាយ វាចា និងចិត្ត នូវសកម្មភាពល្មើសច្បាប់រដ្ឋ ប្រាសចាកវិជ្ជាជីវៈនយោបាយ អសីលធម៌ និងគ្មានសេចក្ដីអៀនខ្មាស់ចំពោះបាបកម្ម»។

ឯកឧត្តមបានបន្តថា៖ «លើសពីឪពុក ជីតា ព្រឹទ្ធាចារ្យ ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន… ឆ្លងកាត់របត់នយោបាយដឹកនាំសង្គ្រោះ ការពារ កសាង លើកតម្កើងតម្លៃជាតិ និងសេចក្ដីសុខរបស់ប្រជាជន គឺបើរាប់តាំងពីសម័យកម្ពុជា ក្រោមសូន្យរហូតដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន ជាមហារដ្ឋបុរសជាតិ! ជានិម្មិតរូបនៃការតស៊ូ និងការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន! ក្រោមម្លប់ព្រះបារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។

ដូច្នេះជាមួយនឹងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតនេះ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចាត់វិធានផ្លូវច្បាប់ដោយគ្មានការអត់ឱនជាដាច់ខាត ចំពោះទុរជនទាំងឡាយណា ដែលប៉ុនប៉ងយាយីលើសុវត្ថិភាពសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមទាំងអំពើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏សូមទទូចឱ្យរដ្ឋសាមី មានចំណាត់ការផ្លូវច្បាប់លើទុរជនអបលក្ខណ៍នោះ បើដឹងថារូបគេ និងគូកន កំពុងស្ថិតក្នុងប្រទេសខ្លួន៕