ហ្វីលីពីន ប្តេជ្ញាពន្លឿនអនុស្សរណៈយោគយល់គ្នាលើការនាំចូលអង្កររបស់កម្ពុជា

តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត , ប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាពន្លឿនការរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីការនាំចេញអង្ករ​ក្រោម​ក្របខណ្ឌ​រវាងរដ្ឋនិងរដ្ឋ។ នេះ​បើតា​មការបញ្ជាក់របស់ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទ​សារ​ព័ត៌មាន ស្តីពីលទ្ធផលនៃ​ដំណើរទស្សនកិច្ច​របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពី នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម សូ ណារ៉ូ បានបន្តថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធា​នាធិបតីហ្វីលីពីន ក៏ប្តេជ្ញាអនុវត្តឲ្យអស់លទ្ធភាពនៃ​អនុស្សារណៈយោគ​យល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិការលើ​វិស័យកសិកម្ម កសិ-ពាណិជ្ជកម្មផងដែរ។

បន្ថែមពីនេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកពីសក្ដានុពលនៃពាណិជ្ជកម្មផលិតផលកសិកម្ម ជាពិសេសអង្ករកម្ពុជា ជូនថ្នាក់ដឹកនាំ និងអ្នកធុរកិច្ចហ្វីលីពីន និង អំពាវនាវដល់ធុរជនហ្វីលីពីននាំចូលអង្ករខ្មែ​រដោយផ្ទាល់ ធ្វើការវិនិយោគទំនើបកម្ម ចង្វាក់តម្លៃអង្ករកម្ពុជា និងយុទ្ធសាស្រ្តទីផ្សារអង្ករកម្ពុជានៅលើទីផ្សារហ្វីលីពីន។

គួរបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោនបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុនទៅកាន់គោលដៅចំនួន៦៨។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨% និងអង្ករផ្សេងៗចំនួន ០.២៧%។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើ​សុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ៖ ពុទ្ធិកា